សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមន្ត្រីជួរមុខ អាជ្ញាធរ ពលរដ្ឋទូទៅ ទទួលវ៉ាក់សាំងកូវីដ១៩ ដូសទី៦

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋមកបន្តទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ក្នុងកាលៈទេសៈនេះ ដែលកូវីដ១៩ រីករាលដាលឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសំឡេងផ្ញើសារជនរួមជាតិ នាយប់ថ្ងៃទី២៩ ធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យចាក់សាំងការពារជំងឺ១៩ ដូសទី៦ ជូនដល់មន្រ្តីរាជការជួរមុខ អាជ្ញាធរ ប្រជាជនទូទៅ។

ទន្ទឹមនឹងនេះ សម្តេចតេជោបានឯកភាពជាគោលការណ៍ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដូសចុងក្រោយដែលត្រូវបានទទួល។ ការធ្វើដូច្នេះ សម្តេចតេជោបញ្ជាក់ថា ដើម្បីធានាថាប្រជាជនមានភាពស៊ាំក្នុងសហគមន៍រឹងមាំ។

សម្តេចតេជោថ្លែងបន្តថា៖ “នៅពេលវ៉ាក់សាំងចុះខ្សោយងាយស្រួលក្នុងការវៃលុកពីជំងឺ ពិសេសជំងឺកូវីដ១៩ ដែលកំពុងមានវត្តមានទូទាំងពិភពលោក និងកម្ពុជាផងដែរ”។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បានរាយការណ៍ថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានសរុបចំនួន ១៣៨,៥៦៤នាក់។

បើតាមក្រសួងសុខាភិបាល កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទៅលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់៕