រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានព្យាបាលជូនប្រជាជនសរុបចំនួនជាង ៣៦ម៉ឺននាក់ ដែលក្នុងនោះមានចំនួនជាង ៦ពាន់នាក់ ជាប្រភេទជម្ងឺធ្ងន់។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ របស់TYDA កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខេត្តកំពង់ចាម ជាមួយសមាជិកតែ ៨ នាក់ កាលពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន មានសមាជិកកើនទ្បើងដល់ជាង ៨.០០០ នាក់ និងមានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងបន្តរីកចម្រើនតទៅទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និង តូចតាច នៅតាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាលដ៏ស្មុគ្រស្មាញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ដើម្បីជួយផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់សង្គមគ្រួសារកម្ពុជា។

សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាល ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។
ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ៕





