រាជធានីភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសពីពេលវេលា និងទីកន្លែង សម្រាប់ប្រជាពលរដ្ឋដែលមានបំណងអញ្ជើញមកទិញត្រី ដើម្បីធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

តាមការសង្កេតរបស់រដ្ឋបាលជលផល ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ស្របជាមួយគ្នានេះ រដ្ឋបាលជលផល បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចមកទិញត្រីបាន នៅគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ទន្ទឹមនេះរដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលតី ដោយរលូនតាមការគួរផងដែរ៕