តើបច្ចុប្បន្នឃ្លាំងស្តុកវ៉ាក់សាំងប្រឆាំងកូវីដរបស់កម្ពុជា មានចំនួនប៉ុន្មានលានដូស?

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសារជាសំឡេងផ្ញើសារជនរួមជាតិ របស់ប្រមុខដឹកនាំកម្ពុ នាយប់ថ្ងៃទី២៩ ធ្នូ ២០២២នេះ ជុំវិញការអំពាវនាវដល់មន្រ្តីរាជការជួរមុខ អាជ្ញាធរ ប្រជាជនទូទៅ ឱ្យបន្តទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណជាង ៧លានដូស ខណៈដែលវ៉ាក់សាំងមិនទាន់ដឹកចូលកម្ពុជាមានចំនួន ២០លានដូស ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 ក្នុងសារសំឡេងជាង ៧នាទី សម្តេចតេជោ បានគូសត្រង់ចំណុចនេះថា៖ “ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទទួលវ៉ាក់សាំង គឺយើងមិនខ្វះវ៉ាក់សាំងទេ មកដល់ពេលនេះ យើងនៅមានវ៉ាក់សាំងច្រើនលានដូសនៅក្នុងឃ្លាំង ប្រមាណជាង ៧លានដូស នៅក្នុងឃ្លាំង ជាមួយនឹងវ៉ាក់សាំងដែលនៅមិនទាន់ដឹកចូលក្នុងប្រទេស ២០លានដូស ថែមទៀត ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ហើយយើងមានប្រាក់កាក់គ្រប់គ្រាន់នឹងទិញវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង”។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា កំណើនអត្រាប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រួមមានដូចជា៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៥%