ស្ថាប័នជំនាញជាតិនិងអន្តរជាតិ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ ខុសៗគ្នា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញជាតិ និងអន្តរជាតិ​ចំនួន​៣ រួមមាន ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​​និង​ធនាគារ​ពិភពលោក (World Bank) ​​​​បាន​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២៣ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​រយៈពេល​​ពីរ​ថ្ងៃ​ទៀត​នេះ ​​ក្នុង​តួលេខ​ខុសៗ​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​វិចារណកថា ស្តីពី “ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក និង​កម្ពុជា​នៅ​ឆ្នាំ២០២៣” របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និង​ជា​បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ​​បាន​ឱ្យ​ដឹង​ថា តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៣ ​​នឹង​ទទួល​បាន​ប្រមាណ ៦.៦% ខណៈ​ដែល IMF បាន​ព្យាករ​​ថា​នឹង​ទទួល​បាន ៥.៩% និង​ធនាគារពិភពលោក បានព្យាករ​ថា​ទទួល​បាន ៥.៨%។ យ៉ាងណាក៏ដោយ ការព្យាករនេះ​នឹង​មាន​ការ​ប្រែប្រួល​ដោយ​ផ្អែក​ទៅ​លើ​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និងនយោបាយ​ពិភពលោក ជាពិសេស​គឺ​ស្ថានភាព​នៃ​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

ទទឹម​នឹង​ក្តី​រំពឹង​នៃ​ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២៣ ​​ខាង​មុខ​នេះ កម្ពុជា​ក៏​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផងដែរ ទាំង​កត្តា​ខាង​ក្នុង​និង​កត្តា​ខាង​ក្រៅ។ កត្តា​ខាង​ក្រៅ គឺ​ការ​ជះ​ឥទ្ធិពល​នៃ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​នៃ​ទុន​វិនិយោគ។ល។ កត្តា​ខាង​ក្នុង គឺជា​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​នៅ​មាន​សន្ទុះ​យឺត ថ្លៃដើម​នៃ​ការ​ធ្វើ​ធុរកិច្ច​នៅ​មាន​កម្រិត​ខ្ពស់ និង​កម្លាំង​ពលកម្ម​ជំនាញ នៅ​មាន​កម្រិត​ទាប​ ជា​ដើម។

លើសពី​នេះ​ទៅទៀត នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​កម្ពុជាមាន​ការ​ចំណាយ​ច្រើន​នៅ​ឆ្នាំ២០២៣ ដែល​រួម​មាន៖ ការរៀបចំ​បោះឆ្នោត​សកល ការធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កីឡាស៊ីហ្គេម និង​ការ​ចំណាយ​ជា​អាទិភាព​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ផ្អែក​តាម​បទពិសោធន៍​ដឹកនាំ​ដ៏​សម្បូរបែប និង​រស់​រវើក​របស់​ប្រមុខរាជរដ្ឋាភិបាល គឺ​សម្តេចតេជោ ហ៊ុន សែន កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​​ថា នឹង​អាច​ជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​ទាំង​នេះ ព្រម​ទាំង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នៃ​ការ​លូតលាស់​ល្អ​ផ្នែក​សេដ្ឋកិច្ច នៅ​ឆ្នាំ២០២៣៕