ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ សាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានហក់ឡើងដល់ ១៤ពាន់៥០០លានដុល្លារអាម៉េរិក ដែលមានកំណើនដល់ជិត២០ភាគរយ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតមកដល់ពេលនេះ មិត្តចិនជួយ កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម ដោយចំណាយថវិកាជិត២ពាន់លានដុល្លារផងដែរ។
ជាងនេះទៀត សម្តេចថា បើក្រឡេកមើលទៅលើទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់១៤ពាន់ ៥០០លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសម្តេចសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងដោយសារ ប្រទេសទាំងពីរ មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំ ចេញទំនិញទៅចិនបានកាន់តែច្រើន ។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំ ទំនិញទៅកាន់ទីផ្សារ ប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនផ្តល់អាទិភាពខ្ពស់អនុគ្រោះពន្ធរហូតដល់៩៧, ៤៣ភាគរយ »។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេលកន្លងទៅនេះ ហើយជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នាពេលកន្លងមក ក៏បានបង្កើតឱ្យមានជំនឿទុកចិត្តគ្នាទៅវិញទៅមកថែមទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២នេះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនដល់ ១៥ ពាន់លានដុល្លារ៕