គិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ ការប្រមូលចំណូលក្នុងឆ្នាំ២០២២របស់ស្ថាប័នគយ និងពន្ធដារ គឺបានចំនួនជាង៦ពាន់លានដុល្លារ ក្នុងនោះអគ្គនាយកដ្ឋានគយ ប្រមូលបានជាង២៦៧០លានដុល្លារ ស្មើជាង១០០ភាគរយ និងពន្ធដារ ប្រមូលពន្ធបានចំនួនជាង៣៤៣៧ លានដុល្លារ ស្មើនឹងជាង១២០ភាគរយ។ នេះបើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ការប្រមូលចំណូលរបស់ស្ថាប័នគយ និងពន្ធដារ បានចំនួនជាង៦ពាន់លានដុល្លារនេះ គឺលើសផែនការប្រមាណជាង ២៥ភាគរយ។ ការប្រមូលចំណូលពន្ធនេះ បានផ្តល់ឱកាសដល់រាជរដ្ឋាភិបាល អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងដូចជាផ្លូវថ្នល់ជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថា្នក់ ត្រូវបន្តគាំទ្រវិស័យគយ និងពន្ធដារ ដើម្បីប្រមូលចំណូលកាន់តែប្រសើរថែមទៀត៕