ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ ខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ និងបង្អែមខ្មែរ នៅបរិវេណមុខសារមន្ទីរប្រវត្តិសាស្រ្ដ (អគារចាស់សាលាខេត្តបាត់ដំបង) រយ:ពេលពីរ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ។

នៅក្នុងពិធីបើកនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ នារសៀលថ្ងៃទី៣០ ខែធ្នូ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើលឡើងថា ព្រឹត្តិការណ៍នេះគឺជាការជួបជុំប្រចាំឆ្នាំ ក្នុងន័យសាមគ្គីភាព មិត្តភាព ប្រកបដោយស្មារតីកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងព្រឹត្តិការណ៍នានា ក្នុងភាពជាម្ចាស់ ជាខ្មែរ ជាអ្នកបាត់ដំបង ប្រកបដោយនិរន្តរភាព ពិសេសជំរុញសកម្មភាពរួមគ្នាអនុវត្ត ជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ។
លោកអភិបាលខេត្ត បានរំលឹកបន្តិចថា ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការឯកភាពក្នុងដាក់បេក្ខភាពទីក្រុងបាត់ដំបងចូលជាសមាជិក បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូ ណេស្កូ «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ(Gastronomy) ដោយសារតែខេត្តបាត់ ដំបងសំបូរទៅដោយមុខម្ហូបជាច្រើនប្រភេទ មានរសជាតិឆ្ងាញ់ពិសា អនាម័យ សោភ័ណភាព និងមានអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ តមកច្រើនសម័យកាល។

លោក ក៏បានស្នើឱ្យភាគីពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍ត្រូវផ្តោតទៅលើការងារមួយចំនួន មានដូចជា ទី១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការវិនិយោគ និងការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ ពិសេសការផ្សព្វផ្សាយពី ម្ហូបអ្នកបាត់ដំបង (ធូរថ្លៃ អនាម័យ ឆ្ងាញ់ និងសេវាល្អ) ទី២៖ ការគ្រប់គ្រង និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តបាត់ដំបងឱ្យបានកាន់តែល្អប្រសើរ និងទី៣៖ រៀបចំនូវយន្តការទ្រទ្រង់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ក្នុង ខេត្តបាត់ដំបង ឈរលើគោលការណ៍ ធូរថ្លៃ សុវត្ថិភាពផ្តល់ភាពកក់ក្ដៅ និងស្នាមញញឹម។
គួរបញ្ជាក់ថា ក្នុងព្រឹត្តការណ៍ពិព័រណម្ហូបខ្មែរដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ នៅខេត្តបាត់ដំបង មានជាង៩០ស្តង់ចូលរួម ។ ព្រឹត្តការណ៍ធ្វើឡើងរយ:ពេលពីរ គឺនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ៕


