ប៉ូលិសបង្ក្រាបទីតាំងលក់ឧបករណ៍តេស្តកូវីដ១៩ និងចាប់ខ្លួនមនុស្ស​១៣នាក់

ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច

សមត្ថកិច្ចបានបង្ក្រាបករណីលក់ឧបករណ៍តេស្តកូវីដ១៩ (CODID-19) ដែលក្រសួងសុខាភិបាលហាមឃាត់ បានចំនួន ១២ករណី និងឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ០៥នាក់ និងបានអប់រំណែនាំឲ្យត្រឡប់ទៅវិញចំនួន ០៤នាក់ និងបន្តនីតិវិធីចំនួន ០៩នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ [ខ្លីៗ] កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា “ចាត់វិធានការទាំងអស់ ១២ករណី នៅភ្នំពេញមាន ៩ករណី នៅខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១២ករណី ទាំងអស់សរុប ១២ករណី ចាប់មនុស្សចំនួន ១៣នាក់ ក្នុងនោះមានចិន ៥នាក់ ហើយអប់រំឲ្យត្រឡប់ទៅវិញ ៤នាក់ និងបន្តនីតិវិធីចំនួន ០៩នាក់។ វត្ថុតាងមានដូចជា ម្ជុលទេស ២១ដើម ឧបករណ៍ធ្វើតេស្ត ១៣កេស និង ៤៨កញ្ចប់ សម្លៀកបំពាក់ពេទ្យ ៤០០កំផ្លេ និងម៉ាសក្លែងក្លាយជិត ២០ម៉ឺនម៉ាស”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ ខែមីនា នៅវិមានរដ្ឋសភាថា បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្នាំណា ដែលថាព្យាបាលជា ហើយឧបករណ៍ណា ដែលថាធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង»៕

អត្ថបទ៖ សោភា
ប្រភព៖ ខ្លីៗ