អ្នកសារព័ត៌មានជាង៤ពាន់នាក់ បាន​ចុះឈ្មោះ​​ចូលរួ​ម​ក្នុង​ជំនួប​​​រវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន

សង្គម​ និង​សេដ្ឋកិច្ច

ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មាន លើកទី៥ នៅ ឆ្នាំ២០២៣ គ្រោងធ្វើឡើងនាថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលសន្និ​​បាត និងពិព័រណ៌កោះពេជ្រ បន្ទាប់ពីបានអាក់ខាន អស់រយៈពេលពេល២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកសារព័ត៌មានឆ្នាំនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់។ ក្នុងនោះរួមមាន អង្គការ សមាគម ចំនួន១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើ នឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និង ទូរ ទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។

ក្រៅពីនេះ ក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រ គណបក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង​សា​ធារ​​ណៈ​គ.ជ.ប , និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់​ដឹក​នាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ។ 

ក្នុងកិច្ចប្រជុំត្រៀមសម្រាប់កម្មវិធីជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែមករា  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ជំនួបរវាងសម្តេចតេជោ និងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌​មាន​​ឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន​និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាម​មន្ទីរ​រាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មាន​កាន់តែ​មានភាព​សុក្រឹត្យ  ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

លោក ខៀវ កាញារីទ្ធ ក៏ជំរុញដល់ក្រុមការងារក្រសួងព័ត៌មានត្រូវបន្តរួមសហការសាមគ្គីគ្នា​ព្រោះក្រសួង​មានបទ​​ពិ​សោ​ធន៍​​​​ច្បាស់លាស់កាលធ្វើរយៈពេល ៤ លើករួចមកហើយ ។ សម្រាប់ឱកាសកិច្ចប្រជុំនាពេលនេះ គឺដើម្បី​ធ្វើ​​យ៉ាង​ណា​អោយ​ការងារសម្របសម្រួល រៀបចំអោយកម្មវិធី ជួបជុំរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ អោយដំណើរទៅដោយរលូន និងជោគជ័យ ៕