តំបន់សំខាន់ចំនួន៤ នៅរាជធានីភ្នំពេញ ទាក់ទាញភ្ងៀវទេសចរខ្លាំង នាថ្ងៃឆ្លងឆ្នាំសកលកន្លងទៅនេះ

សង្គម​ និង​សេដ្ឋកិច្ច

នាឱកាសឆ្លងឆ្នាំសកល២០២២ឆ្លងចូល២០២៣ ដែលមានរយៈពេល២ថ្ងៃ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទទួល​បានភ្ញៀវសរុបចំនួនជាង២លាននាក់។ យ៉ាងណាមិញ បើយើងក្រឡេកមើលតំបន់សំខាន់ៗ​ចំនួន៤ នៅរាជធានីភ្នំពេញ បានក្លាយកន្លែងគោលដៅទេសចរណ៍ខ្លាំងជាងគេ និង​ទាក់ទាញ​ភ្ងៀវ​ទេសចរ​ទៅ​កម្សាន្ត​រហូតជាង៤៥ម៉ឺននាក់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នៅ​ទូទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​សរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និង​ភ្ញៀវ​បរទេស​១៦,៨០៣​នាក់។ ក្នុងនោះ មានគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២​នាក់, ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់, ខេត្តសៀមរាប ៣៣៧,៧៦៩នាក់, ខេត្តកំពត ៣៣០,៦៥៩​នាក់, ខេត្តបាត់ដំបង ១៥៨,១១០នាក់, ខេត្តកែប ៨៨,៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់, និង ខេត្តកំពង់ចាម ៧៦,៩០១នាក់។

ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗចំនួន៤ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

យ៉ាងណាមិញ ក្រសួងអះទៀតថា គោលដៅ​ទេសចរណ៍​នានាទូទាំង​ប្រទេសសុទ្​ធតែទទួល​បានចំនួន​ភ្ញៀវ​ទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវ​បាន​ភ្ញៀវ​កក់ស្ទើរ​ពេញ១០០%។ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

គួរបញ្ជាក់ដែរថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេសចរណ៍កម្ពុជា៕