ក្នុងរយៈពេលមួយឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១៦១៩៩៥កន្លែង ។ នេះបើយោងតាមរបាយការណ៍ដែល CDC បានបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំងនោះមាននៅលើវិស័យកាត់ដេរសម្លៀកបំពាក់ កាបូប កេសកាតុង សម្ភារៈសត្វ មន្ទីពេទ្យ វារីអគ្គិសនី បន្ទះសូឡា រោងចក្រខារអំបោះ អំពូលភ្លើង ផ្សារទំនើប រោងចក្រដំឡើងរថយន្ត មជ្ឃមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារផ្កាយប្រាំជាដើម។
ទន្ទឹមនឹងនោះគម្រោងដែលCDC ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគច្រើនជាងគេគឺ រោងចក្រកាត់ដេរសម្លៀកបំពាក់មាន៥៤គម្រោងក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ២៤៩,៩លានដុល្លារអាមេរិក ផ្ដល់កន្លែងការងារ ៨៩៤៧២កន្លែង ខណៈដែលគម្រោងវិនិយោគធំជាងគេប្រចាំឆ្នាំ២០២២គឺ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្ដុភារកម្មនិងកំពង់ផែពហុបំណង ដែលមានទំហំទឹកប្រាក់ ១៣០០លានដុល្លារអាមេរិក បង្កើតការងារ ៥៩០កន្លែង។
បន្ថែមទៀតនោះ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោងដែលមានទំហំទឹកប្រាក់៥៥៨,៨០៥លានដុល្លារអាមេរិក បង្កើតការងារ ១៤៧៥៨កន្លែង។
សូមរំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណជិត៤ពាន់លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន១០៩,៤១៣កន្លែង។
ក្នុងចំណោមគម្រោងចំនួន១៦១ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១២៥គម្រោង សរុបទុនវិនិយោគចំនួន១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៦គម្រោង សរុបទុនវិនិយោគជាង១.៩៨ពាន់លានដុល្លារ៕