ស្ថានទូតចិ​ន ​ប្រគ​ល់​ថ្នាំបាញ់​ស​ម្លាប់​​មេរោគ​លើ​យន្តហោះ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រគល់​ថ្នាំបាញ់​ចំនួន២០ធុង និង​ឧបករណ៍បាញ់ថ្នាំចំនួន៤០គ្រឿង សម្រាប់បាញ់សម្លាប់​មេរោគលើ​យន្តហោះ ជូនរដ្ឋ​លេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីទប់ស្កាត់ និងការ​ពារ ការរាលដាល​មេរោគ​COVID-19 ។ នេះបើតាមការផ្សាយរបស់​រដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរ​ណ៍​ស៊ីវិល ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់ និងទទួលថ្នាំបាញ់ចំនួន២០ធុង និង​ឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលនេះ ឯកឧត្ដម​នា​យឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល​បានមាន​ប្រសាសន៍ថា ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង គឺពិតជា​មានសារៈ​សំខាន់​ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះ​ទីនាំងនៃ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មា​តា​ជាតិ​ខ្មែរ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និង​ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់​បាញ់លើ​ក្រុមហ៊ុនអាកាស​ចរណ៍កម្ពុជា ​ដែលត្រូវការ​ចាំបាច់។

ជាមួយគ្នានេះ ឯកឧត្ដម បានថ្លែងអំណរគុណដល់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា​មានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវឧបករណ៍ សម្ភារ និង ថ្នាំសម្លាប់​មេរោគនេះ ។

ឯកឧត្ដម បានគូសបញ្ជាក់ថា នេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន» ដើម្បីទប់ស្កាត់ និងការពារ​ការរីរាលដាល​​មេរោគCOVID-19។ ឯកឧត្ដមបានលើកឡើងថា ការទប់​ស្កាត់មេ​រោគCOVID-19នេះ រដ្ឋ​លេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងអនុវត្តន៍នូវវិធានការ វាស់កំដៅយ៉ាងតឹងរឹង​គ្រប់មន្ត្រីថ្នាក់​ដឹក​នាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេល​ចូលបំពេញការងារ និងបានបាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុងបរិវេណ អគារធ្វើការ និងគ្រប់​នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណងទប់ស្កាត់ និងការ​ពារការរាលដាលមេរោគCOVID-19 ដែលជាសត្រូវមើល​មិនឃើញ។

ទន្ទឹមនឹងនេះ ចំពោះមន្ត្រីដែលបញ្ចប់បេសកម្មក្រៅប្រទេស ពេលមក​ដល់​កម្ពុជាវិញ នឹង​តម្រូវឱ្យនៅដាច់ដោយឡែក ដោយស្នាក់នៅផ្ទះចំនួន១៤ ថ្ងៃសិនមុនចាប់ផ្តើមធ្វើការ។

សូមបញ្ជាក់ថា ការផ្តល់សម្ភាររបស់ស្ថានទូតចិនជូនដល់រដ្ឋ​លេខា​ធិការដ្ឋាន​អា​កាសចរ​ណ៍ស៊ីវិលនេះ គឺជាការឆ្លើយតបតាម​ការសន្យារបស់ លោកស្រី Zuo Wenxing អនុ​ប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សា នយោបាយ  ប្រចាំស្ថានទូតចិននៅកម្ពុជា ដែលបានសន្យាផ្តល់ នូវឧបករណ៍ សម្ភារ និងថ្នាំសម្លាប់មេរោគ ក្នុងឱកាស​ជំនួប​ពិភាក្សារការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ កាល​ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ៕