ខេត្តក្រចេះ បានដាក់ចេញផែនការគោលដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងហោចណាស់ឲ្យបានជាង១៨ម៉ឺននាក់ មកកម្សាន្ត នៅឆ្នាំ២០២៥ ។ នេះបើតាមយោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន២០២១-២០២៥ របស់ខេត្តក្រចេះ។

ដើម្បីទាក់ទាញភ្ញៀវឲ្យបានតាមផែនការដែលបានកំណត់ មន្ទីរទេសចរណ៍ខេត្តក្រចេះ មានគម្រោងប្រែក្លាយខេត្តជាប់ទន្លេមេគង្គមួយនេះ ទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិឦសាន្ត តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែទាក់ទាញ មានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ នៅក្នុងផែនអភិវឌ្ឍទេសចរណ៍២០២១-២០២៥របស់ខេត្តមានចំនួន៨ ចំណុច ដែលនៅក្នុងនោះរួមមាន ១.ការអភិវឌ្ឍផលិតផលទេសចរណ៍ ២.ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលការធ្វើដំណើរទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ ៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ។

គួររម្លឹកថា កាលពីឆ្នាំឆ្នាំ២០១៩កន្លងទៅ ភ្ញៀវដែលមកលេងកម្សាន្តក្នុងខេត្តក្រចេះ សរុបរួមទាំងភ្ញៀវ ជាតិ និងអន្តរជាតិ មានចំនួនជាង១០ម៉ឺននាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨កើនឡើងចំនួនជាង៣៦០០នាក់ស្មើនឹងប្រមាណ៤ភាគរយ។
តាមការសិក្សាកន្លងមក បានបង្ហាញឱ្យឃើញថា ខេត្តក្រចេះគឺជាខេត្តមួយដែលភ្ញៀវធ្វើដំណើរឆ្លងកាត់ និងស្នាក់នៅលំហែ ចាប់ពីឆ្នាំ២០១៦រហូតមកដល់ឆ្នាំ២០១៩ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមាន ការកើនឡើងគួរឱ្យកត់សំគាល់ក្នុងអត្រាកំណើនប្រមាណ១០ភាគរយ និងបានស្នាក់នៅមិនតិចជាង២យប់ ៣ថ្ងៃ ហើយក៏មានភ្ញៀវប្រមាណ៨០ភាគរយជាភ្ញៀវរបស់ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវជាលក្ខណៈគ្រួសារ និងឯកជនឆ្លងកាត់ និងទស្សនាតែតំបន់ដែលពួកគេចាប់អារម្មណ៍ដូចជាសហគមន៍អេកូទេសចរណ៍កោះទ្រង់ជាដើម តែរយៈពេល១ម៉ោងទៅ៣ម៉ោង និងមួយចំនួនប្រមាណ២ភាគរយ នៃភ្ញៀវមកកម្សាន្តលើកោះផ្សេងៗទៀត រួចបន្តដំណើរទៅកាន់ខេត្តផ្សេងទៀត ភ្ញៀវចំនួន៥ភាគរយ ក្រៅពីនេះបានទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ដែលគេស្នាក់នៅគិតជាមធ្យមប្រមាណ២យប់នៅទីនោះ ដើម្បីទស្សនាសហគមន៍នេសាទ ជនជាតិភាគ តិច និងកសិទេសចរណ៍ជាដើម។
គិតជាមធ្យមទេសចរបរទេសម្នាក់ចំណាយត្រឹមតែ២៤០,០០០រៀល ហើយភ្ញៀវជាតិចំណាយក្នុង១នាក់ប្រមាណជា ១៣០,០០០ រៀល។
គួរបញ្ជាក់ថា នាឱកាសឆ្លងឆ្នាំសាកល ២០២២ ឆ្លងចូល២០២៣ រយៈពេល២ថ្ងៃ ខេត្តក្រចេះទទួលភ្ញៀវទេសចរសរុប ៣,០២០នាក់ (ទេសចរជាតិ ២,៨៦២នាក់ ទេសចរអន្តរជាតិ ១៥៨នាក់)៕
