ពេញមួយឆ្នាំ២០២២ ការនាំចេញអង្ករកម្ពុជា រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៦៣ម៉ឺនតោន ទៅកាន់ ៥៩ ប្រទេស។ទន្ទឹមគ្នានេះ ក្នុងរយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជា រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្តថា កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦ តោន ដលគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបបានចំនួនជាង ១ ២៥៥ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥%ប្រទេសសមាជិកអាស៊ានចំនួន ៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្ស៊ី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមាន តម្លៃ សរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។

លើសពីនេះ កម្ពុជា បាននាំចេញអង្ករក្រអូបប្រណិតបានចំនួន២៧៧ ៧៣៩ តោ ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។

គួរបញ្ជាក់ថា សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមវិញ កម្ពុជាបាននាំចេញក្នុងចំនួន ៣៤៧៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១០៩ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ រង្សី