ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២៣នេះ សម្តេចក៏បានរំពឹងទុកថា កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ខណៈផលិតផលក្នុងស្រុកសរុប(ផ.ស.ស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងងើបឡើង ដល់ ១ ៩២៤ ដុល្លារ ធៀបនឹងឆ្នាំ២០២២ មាន GDP កម្ពុជាមានចំនួន១៧៨៥ដុល្លារផងដែរ”។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នឹងប្រែក្លាយជីវភាព ប្រជាពលរដ្ឋឱ្យមានភាពធូរធារ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ បើមើលពីការធ្វើជំរឿន សេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។
របាយការណ៍ពិគ្រោះប្រចាំឆ្នាំស្តីពីកម្ពុជានៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ព្យាករថា ជាមួយតម្លៃប្រេងពិភពលោក ដែលរំពឹងថានឹងបន្តធ្លាក់ចុះ អតិផរណាកម្ពុជានឹងធ្លាក់ចុះពី ៥.៣ភាគរយនៅឆ្នាំ ២០២២ មក ៣ភាគរយនៅឆ្នាំ២០២៣។
ទោះបីជាយ៉ាងណា សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញបន្តិចម្តងៗដោយកំណើន ៥ភាគរយនៅឆ្នាំ២០២២ និង ៥.៤ភាគរយនៅឆ្នាំ២០២៣។ របាយការណ៍ដដែលនេះបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ គាំទ្រដោយវិស័យទេសចរណ៍ដែលទើបងើបឡើងវិញ និងប្រក្រតីភាពនៃសកម្មភាពក្នុងប្រទេសក្រោយកូវីដ១៩។ ខណៈដែលកម្ពុជាប្រឈមនឹងក្នុងវិស័យផលិតកម្ម ដោយការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុប នៅឆមាសទីពីរនៃឆ្នាំ២០២២កន្លងទៅ៕