លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញទៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី៦ ខែមករា ដើម្បីចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាកាតា។ ក្នុងនាមជាអគ្គលេខាធិការ គឺជាតំណែងប្រវត្តិសាស្ត្រមួយរបស់កម្ពុជានៅអាស៊ាន ដែលមានរយៈពេល៥ឆ្នាំ។
មុនចេញទៅបំពេញបេសកកម្ម នៅប្រទេសឥណ្ឌូនេស៊ី លោក កៅ គឹមហួន បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោកអគ្គលេខាធិការអាស៊ានរូបនេះ ក៏បានជួបសម្តែងការគួរសម និងជម្រាបលា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានបញ្ជាក់ថា លោកទទួលបាននូវឱវាទល្អៗ ក្នុងការបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខ។ ទន្ទឹមនឹងនោះលោកសូមប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការអនុវត្តតួនាទីថ្មីនេះ ឲ្យសក្តិសមនឹងទំនុកចិត្ត និងការជឿទុកចិត្ត ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានទាំងអស់បានផ្ដល់មកឲ្យលោកសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
សូមជម្រាបថា លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងត្រូវកាន់តំណែងជាអគ្គលេខាធិការអាស៊ាន ក្នុងអាណត្តិ៥ឆ្នាំ ពីឆ្នាំ២០២៣រហូតដល់២០២៨ ក្រោយអគ្គលេខាធិការអាស៊ានចាស់ លោក Lim Jock Hoi បានចប់អាណត្តិនៅឆ្នាំ២០២២។
គួររំលឹកបន្ថែមទៀតថា សម្រាប់កម្ពុជា លោក កៅ គឹមហួន ជាមនុស្សទី២ ដែលចូលទៅកាន់តំណែងនៅអង្គការអាស៊ានមួយនេះ ខណៈដែលលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ក៏ធ្លាប់ធ្វើជាអគ្គលេខាធិការរងបានមួយអាណត្តិ៕