ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន ៤៦២,៦៣លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦.១៤៩ លានដុល្លារអាមេរិក ដែលកើនឡើង ៦៣.៦% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។
ក្នុងនោះ កម្ពុជានាំចេញមុខទំនិញ ទៅ តួកគី ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគី មានដូចជា៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា។
កាលពីដើមឆ្នាំ២០២២កន្លងទៅ កម្ពុជា-តួកគីបានប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី ៣ សំដៅស្វែងរកសកម្មភាពជាក់ស្តែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ ពាន់លានដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសទាំង ២។
នាពេលកន្លងមកភាគីទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
សូមបញ្ជាក់ថា តួកគី គឺជាដៃគូ DTA ទី ១ ដែលកម្ពុជាមានជាមួយប្រទេសក្នុងតំបន់អឺរ៉ុប និងក៏ជាសមាជិក G 20 ទី ៤ ដែលកម្ពុជាមាន DTA ជាមួយផងដែរ៕
១១ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-តួកគី សម្រេចបាន ១៣៦.១៤៩ លានដុល្លារអាមេរិក
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព