លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា ស្ពានថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោក គិតមកដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ដំណើរការសាងសង់សម្រេចបាន ៩០ ភាគរយហើយ គឺនៅសល់តែ១០ភាគរយប៉ុណ្ណោះ នឹងរួចរាល់ទាំងស្រុង អាចដាក់ឱ្យបងប្អូន ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។
លោក សាំ ពិសិដ្ឋ បានរម្លឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពលីទៅ តាមទំនៀមទម្លាប់តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅ មុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។
តាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋម សិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឱ្យបានរួចរាល់ ដើម្បីជួយ សម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយ សុវត្ថិភាព មិនប្រឈមទៅ នឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។
គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ចំណែកគម្រោងស្ថាបនាស្ពាន អាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំណុច ផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុងចំនួន ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។
សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕ AKP