ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី០៦ ខែមករា បានបញ្ចប់ដោយភាពជោគជ័យ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាតប៉ុលពត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការប្រកួតនេះក៏ជាការផ្តល់ឱកាសឱ្យក្រុមកីឡាករ-កីឡាការិនី ដែលមកពីបណ្តាស្ថាប័ន-កងឯកភាពផ្សេងៗគ្នា បានជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពតាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមកទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏ណែនាំឲ្យយោធិនទាំងអស់ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានជោគជ័យ។
គួរបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមតាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើកទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ។
ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ បានរៀបចំឡើងនៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ ដោយមានវត្តមានកីឡាករកីឡាការីចំនួន២៧ក្រុម មកពី១៧អង្គភាពចូលរួមប្រកួត៕



