លោក ឡុង ឌីម៉ង់៖ អគារជាង១ពាន់ជាប់គា​ំងនៅខេត្តព្រះសីហនុទាមទារឱ្យមានគោលនយោបាយលើកទឹកចិត្តជាកញ្ចប់សម្រាប់ដោះស្រាយ

សង្គម​ និង​សេដ្ឋកិច្ច

ការវិនិយោគលើការសាងសង់អគារនៅខេត្តព្រះសីហនុដែលគេដឹងថាមានជាប់គាំងអស់រយៈពេលច្រើនឆ្នាំមកនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយនោះ គឺមានបញ្ហាស្មុគស្មាញច្រើនពិបាកក្នុងការដោះស្រាយដែលទាមទារឱ្យមានគោលនយោបាយលើកទឹកចិត្តជាកញ្ចប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អគារជាប់គាំងនៅខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ពាក់ព័ន្ធនិងកិច្ចការងារទៅនិងការជាប់គាំងនៃអគារមួយចំនួននៅខេត្តព្រះសីហនុ ខ្ញុំមិនទាន់អាចជឿថា១០០ភាគរយវានឹងអាចដោះស្រាយបាននៅអគារជាប់គំាងទំាងអស់នៅក្នុងពេលនេះបានទេ។ពីព្រោះយើងឃើញថាបញ្ហាកន្លងមកវានៅមានបញ្ហាស្មុគស្មាញច្រើន បញ្ហាខ្លះស្ថិតនៅក្នុងដោះស្រាយក្នុងប្រព័ន្ធតុលាការនិងខ្លះទៀតកំពុងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការជាដើម។

លោកសង្កត់ធ្ងន់ថា «នៅមានកិច្ចការច្រើនណាស់ដែលត្រូវដោះស្រាយទាមទារឱ្យមានគោលនយោបាយលើកទឹកចិត្តជាកញ្ចប់មួយដូចដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសគណកម្មការចំម្រុះសម្រាប់ដោះស្រាយបញ្ហាគម្រោងវិនិយោគជាប់គំាងនៅក្នុងខេត្តព្រះសីហនុនេះមកធ្វើការរួមគ្នា ពិភាក្សារួមគ្នារកគោលការណ៍ ហើយកិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃទី១៩ខែមករាខាងមុខនេះហើយ។ អ៊ីចឹងខ្ញុំនៅតែជឿជាក់ថាគោលនយោបាយដែលកើតចេញពីការកំណត់របស់គណកម្មការដោះស្រាយការវិនិយោគជាប់គំាងនៅខេត្តព្រះសីហនុនេះហើយ វាអាចចូលរួមចំណែកជួយបញ្ហាអគារជាប់គំាងនេះ ។បើសិនគ្រាន់តែថាមានភ្ញៀវទេសចរចិនចាប់ផ្តើមចូលមកទស្សនាកម្ពុជាមិនអាចដោះស្រាយបានទាំងអស់នោះទេ»។

លោក ឡុង ឌីម៉ង

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានឱ្យដឹងថា ទីក្រុងព្រះសីហនុបន្ទាប់ពីចាប់ផ្តើមសម្ពោធឱ្យដំណើរការល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុយើងឃើញមិននៅត្រឹមចុងសប្តាហ៍ឬនៅថ្ងៃបុណ្យផ្សេងៗនោះទេ ក្រុងព្រះសីហនុគឺមានភាពមមាញឹកខ្លំាងមែនទែនដែលទទួលបានភ្ញៀវទៅកម្សាន្ត ពិសេសទៀតនោះកន្លែងកម្សាន្តនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននានាបានដំណើរការឡើងវិញ ។

លោកបន្តថា «ខ្ញុំឃើញថាសណ្ឋាគារដែលបានសាងសង់មិនទាន់រួចរាល់កាលពីមុននោះ ក៏បានបើកដំណើរការទៅជាសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋាន។ដូច្នេះជាការកត់សម្គាល់ទោះបីមិនទាន់មានភ្ញៀវទេសចរចិនចូលមកទស្សនានៅក្រុងព្រះសីហនុក៏ដូចជាអ្នកវិនិយោគចិនត្រឡប់មកបន្តអាជីវកម្មរបស់គាត់នៅក្រុងព្រះសីហនុ ក៏យើងឃើញថាមានកំណើនមួយចំណែកហើយដែរ។លើសពីនេះផ្គួបផ្សំជាមួយនិងការបន្ធូរបន្ថយនៃការរឹតបណ្តឹងពីរដ្ឋាភិបាលចិន ដែលបើកចំហរឡើងវិញឱ្យប្រជាជនធ្វើដំណើរឡើងវិញទំាងនៅក្នុងស្រុកក៏ដូចចេញទៅក្រៅស្រុកនេះ វាជួយបន្ថែមទៀតសម្រាប់ទីក្រុងព្រះសីហនុក្នុងការដោះស្រាយ ដូចជាចូលរួមអភិវឌ្ឍន៍បន្តនៅអគារដែលបានជាប់គំាំងមួយចំនួននៅខាងខេត្តព្រះសីហនុ»។

លោក សន សៀប

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាសង្កត់ធ្ងន់ថា « ខ្ញុំជឿថានៅក្រុងព្រះសីហនុពេលមានសកម្មភាពកាន់តែមមាញឹក នោះវាធ្វើឱ្យតម្រូវការក៏មានកាន់តែច្រើនហើយអ្នករកស៊ីក៏មមាញឹកទៅតាមនោះដែរ។ដូចនេះខ្ញុំសង្ឃឹមថានៅក្នុងឆ្នំា២០២៣នេះនឹងមានការរីកចម្រើននិងកែលម្អឡើងវិញច្រើនសម្រាប់អគារដែលបាននិងកំពុងជាប់គាំងកាលពីឆ្នំាមុន»៕ អត្ថបទ៖ ឧកញ៉ា សារេត