ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជំរុញក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងអូស្រ្តាលី ។ ពិធីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារទាំងនេះ បានធ្វើឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកសារព័ត៌មានទីផ្សារសំខាន់ៗចំនួន២នោះរួមមាន៖ ១. កសិផលកម្ពុជាសម្រាប់ការនាំ ចេញទៅកាន់ទីផ្សារ សហភាពអឺរ៉ុប និងអាសិប។ ២. កម្ពុជានឹងបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយរួមមាន (គេហទំព័រ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ផ្ទៀងផ្ទាត់ដើមកំណើតទំនិញ និងប្រព័ន្ធ ផ្ទៀងផ្ទាត់ដើមកំណើតទំនិញអន្តរជាតិ ) ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពូជាជាប្រទេសហត្ថលេខី។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញ ទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ តម្រូវការរបស់ អ្នកប្រើប្រាស់ វិធានការអនាម័យ និងភូតគាមអនាម័យ ព្រមទាំងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ ផ្សេងទៀត ការប្រើប្រាស់ផលិតផល ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។
លោកបន្តថា ដំណាំ និងកសិផលដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះ រួមមាន ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក បឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។
ដោយឡែក ចំពោះ សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា វានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី មានជាអាទិ៍( កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ) ជាដើម។ លើសពីនេះ សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ចំពោះ ឌីជីថលតែមួយវិញ នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា ព្រមទាំងផ្តល់ព័ត៌មានពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។
ទន្ទឹមនឹងនោះ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា ហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។លោក សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕