សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងាច់ខាតនូវការធ្វើសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។ការលើកឡើងនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នេះបើយោងតាម ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានាជាធរមាន។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «ខ្ញុំ ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីចៀសផុតពីការដាក់ឱ្យកម្ពុជាបន្តនៅក្នុងបញ្ជីប្រផេះ ដែលផ្តល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម»។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងចូលរួមដោយស្មោះជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់ បទល្មើសកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕
