នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន១៦ បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រមទាំង សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកា ការងារប្រចាំខែ ដោយនឹងផ្តល់នូវឱកាសការងារចំនួន ៨៨៤ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើផងដែរ។
ដោយឡែកក្នុនោះ មានក្រុមហ៊ុនធំៗទាំង៩ នឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់ NEA នោះរួមមាន៖ ធនាគារមហានគរ ធនាគារ AEON ក្រុមហ៊ុន Habit Burger Grill ក្រុមហ៊ុន Optimal P, Master Suki soup ក្រុមហ៊ុន ORKIN ក្រុមហ៊ុន CHIP MONG ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន MR Training។
ទន្ទឹមគ្នានេះ បើតាម លោក ពេជ្រ រដ្ឋា មន្ត្រីផ្នែកធនធានមនុស្សធនាគារ AEON បានលើកឡើងថា ក្នុងថ្ងៃទី១២ ខាងមុខនេះ ដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាង១០០កន្លែង និងគ្រប់មុខ តំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរក ការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។ លោករំពឹងថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខា ន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន។
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ មករា បានឱ្យដឹងថា វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិត នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។
ហេតុនេះ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕