ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងលេងល្បែងស៊ីសង គ្រប់ប្រភេទក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឹងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូត ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
ចំពោះការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមឃាត់ផងដែរ។ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិនឱ្យដុតលើ ចិញ្ចើមផ្លូវឬទ្រូង ផ្លូវសាធារណៈ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏ព្រមានផងដែរ ចំពោះ ជនណាបំពាននឹងការណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចល័ចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕