កម្ពុជា-តួកគី បានគូសបញ្ជាក់ពីឆន្ទៈនិងគោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗ ឱ្យឈានដល់ ១,០០០លានដុល្លារអាមេរិក។ ការប្រកាសបង្ហាញពីឆន្ទៈ និងគោលជំហររបស់ភាគីទាំងពីរ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា និងតួកគី ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Vahit KİRİŞCİ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី កាលពីថ្ងៃទី១១ ខែមករាម្សិលមិញ។
លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣នេះដែរ រដ្ឋមន្រ្តីទាំងពីរ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,០០០លានដុល្លារអាមេរិក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត នាពេលសមស្របខាងមុខ។
បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គឹតត្រឹម១១ខែនៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌនិង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕