ចាប់តាំងពីបើកយុទ្ធនាការប្រមូលចំណូលពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធបានជាង ១០៦លានដុល្លារ ដែលមានចំនួនជិត ២ម៉ឺនគ្រឿង។
លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា មានរថយន្តទាំងចង្កូតស្តាំ និងឆ្វេង ចំនួន ២០០៤៩គ្រឿង បានមកបង់ពន្ធ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២ពាន់គ្រឿងទៀតដែលមិនបានមកបង់ពន្ធតាមនិតិវិធី។
ទាក់ទងនឹងរថយន្តដែលនៅសល់មិនមកបំពេញកាតព្វកិច្ច លោកគូសបញ្ជាក់ថា អាចមកពីម្ចាស់រថយន្តនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកបង់ ដោយសារជាប្រភេទរថយន្តស៊េរីចាស់ៗ ហើយរថយន្តខ្លះត្រូវបានបុកបណ្តាលឱ្យខូច ហើយរថយន្តខ្លះទៀតបានដោះជាគ្រឿងបន្លាស់ និងមួយចំនួនត្រូវបានលក់បន្តទៅឱ្យអ្នកផ្សេងបន្តជាដើម។
យ៉ាងណា ចំពោះលទ្ធផលនេះដែរ លោក គុណ ញឹម បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ៕