ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយត្រូវអភិវឌ្ឍលើផ្លូវរថភ្លើង ដែលមានស្រាប់។
បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ការអភិវឌ្ឍរថភ្លើងទាំងពីរខ្សែនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ពេលកន្លងទៅក៏ធ្លាប់បានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន ការកសាងផ្លូវរថភ្លើងថ្មីក្នុងស្រុក និងតភ្ជាប់ផ្លូវដែកទៅកាន់ប្រប្រទេសជិតខាង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីឆ្នាំ២០២២កន្លងទៅ បានលើកឡើងថា ផ្លូវរថភ្លើងពីរខ្សែដែលមានស្រាប់គឺជាខ្សែប្រពៃណីដែលរត់ក្នុងល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមិនអាចផ្គត់ផ្គង់តម្រូវការដឹកជញ្ជូនបានទេ។ ជាមួយគ្នានេះ សម្តេចតេជោបានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សហការជាមួយវិស័យឯកជន ដើម្បីកែលម្អផ្លូវរថភ្លើងដែលមានស្រាប់ ទៅជាផ្លូវល្បឿនលឿន។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា ខ្សែរថភ្លើងថ្មីនេះនឹងត្រូវសាងសង់ឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការកៀរគរប្រជាជន និងតភ្ជាប់ផ្លូវដែកជាមួយខ្សែរថភ្លើងក្នុងប្រទេសជិតខាង។
សូមជម្រាបថា កម្ពុជាមានផ្លូវដែកពីរខ្សែ ដែលចាប់ផ្តើមក្នុងសម័យអាណានិគមបាបារាំ។ ផ្លូវដែកត្រូវបានជួសជុលឡើងវិញ មុននឹងបន្តសេវាដឹកជញ្ជូនផ្លូវដែកឡើងវិញក្នុងឆ្នាំ ២០១០ ប៉ុណ្ណោះ។ ផ្លូវដែកភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ហើយត្រូវបានសាងសង់ និងដំណើរការចន្លោះឆ្នាំ ១៩២៩ ដល់ ១៩៤២។ ផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ ១៩៦០ ដល់ ១៩៦៩ និងមានប្រវែងសរុប ២៦៤ គីឡូម៉ែត ដែលមានក្រុមហ៊ុន Royal Railway ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group គ្រប់គ្រង និងដំណើរការផ្លូវដែកក្រោមការវិនិយោគសសម្បទាន។
នៅក្នុងផ្លូវដែកភាគខាងជើង ប្រទេសកម្ពុជាបានភ្ជាប់ផ្លូវដែកជាផ្លូវការទៅនឹងផ្លូវដែករបស់ប្រទេសថៃក្នុងឆ្នាំ ២០១៨។ ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនមិនត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក៕