កម្ពុជាស្នើឱ្យកូរ៉េ ជួយកៀរគរវិនិយោគិន មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់អតីតប្រធានរដ្ឋសភាកូរ៉េ លោកប៉ាក ប៊ីយ៉ុងស៊ឺក ឱ្យជួយផ្សព្វផ្សាយ កៀរគរវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាមានសន្តិភាពពេញលេញ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចប្រធានរដ្ឋសភាកម្ពុជា និង អតីតប្រធានរដ្ឋសភាកូរ៉េ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា សាធារណរដ្ឋកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ ស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។ ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ ពិសេសវិស័យកាទូតសភា។

ជាការឆ្លើយតប ភាគីកូរ៉េបានព្រមទទួលយកសំណើ និងបានលើកឡើងថា រដ្ឋសភាបានតួនាទី យ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ដោយលោកសង្កត់ធ្ងន់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងចូលជាធរមាន ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េនឹងមានការកើនឡើង ជាពិសេសនៅឆ្នាំនេះ សាធារណរដ្ឋកូរ៉េបានបង្កើនចំនួនកូតាពលករខ្មែរទៅធ្វើការនៅកូរ៉េចំនួន៤០ភាគរយបន្ថែមទៀត។

គួរជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ មានការកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក ដោយសាធារណរដ្ឋកូរ៉េជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបោះទុនវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសចិន៕