កម្ពុជា-ជប៉ុន បានសម្រេចចុះហត្ថលេខាលើកំណត់ហេតុគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន សម្រាប់កម្ពុជា។ ពិធីចុះហត្ថលេខាលើគម្រោងនេះ បានធ្វើឡើងដោយលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការចុះហត្ថលេខានេះ ជាការបង្កើនផែនទីបង្ហាញផ្លូវមួយសម្រាប់កម្ពុជា ដើម្បីជាការឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូនជាមួយនឹងការរក្សាបាននូវតុល្យភាពសន្តិសុខថាមពល កំណើនសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន។ គម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងន័យនេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលទៅជាថាមពលស្អាតបន្ថែមទៀតនិងជាការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឱ្យស្របទៅតាមគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនិងយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹត្យកាបូន។
លើសពីនេះ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល និងភាគីពាក់ព័ន្ធ ក្រុមជំនាញការរបស់JICAនឹងពិនិត្យលើគោលនយោបាយ និងសេណារីយ៉ូពាក់ព័ន្ធទាំងអស់ វិភាគលើគុណសម្បត្តិនិងគុណវិបត្តិនៃសេណារីយ៉ូនីមួយៗព្រមទាំងកំណត់អំពីបច្ចេកវិទ្យា និងវិធានការណ៍ជាអាទិភាពទាំងឡាយដែលត្រូវសម្រេចដាក់ឱ្យប្រើប្រាស់ ជាមួយនឹងការរៀបចំសកម្មភាពគោលនយោបាយ ក្របខណ្ឌទទួលខុសត្រូវរបស់ស្ថាប័ន និងគម្រោងយុទ្ធសាស្រ្តវិនិយោគ។
យោងតាមលទ្ធផលនៃការវិភាគនិងអនុសាសន៍ទាំងនេះ សេណារីយ៉ូចុងក្រោយបំផុតដែលសមស្របជាងគេនៃផែនទីបង្ហាញផ្លូវនេះ នឹងកំណត់អំពីផែនការសកម្មភាពនានាដែលក្រសួងរ៉ែ និងថាមពលត្រូវអនុវត្តឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន។
ភាគីទាំងពីរជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា គម្រោងរៀបចំផែនទីបង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការសម្រេចឱ្យបានសង្គមអព្យាក្រឹត្យកាបូន សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥៕