យុវជនអតីតអាយុ២៧ឆ្នំាម្នាក់ រស់នៅក្នុងភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទំាង ខេត្តតាកែវ ដែលគេដឹងថាធ្លាប់ជាពលករកូរ៉េ ឬបានទៅធ្វើការនៅប្រទេសកូរ៉េអស់រយៈពេលជាង៤ឆ្នំាទៅនេះ បច្ចុប្បន្នបានកំពុងប្រកបមុខរបរធ្វើកសិកម្ម និងការចិញ្ចឹមក្របីប្រមាណ១០០ក្បាលដែលអាចប្រាក់ចំណូលបានរហូតដល់១ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នំាៗ ខណៈដែលការចាប់ផ្តើមក្នុងមុខរបរមួយនេះមិនសូវមានអ្នកចង់ធ្វើការជាមួយព្រោះវាលំបាក។
យុវជន យ៉ែម រុម រស់នៅភូមិឃុំខាងលើ បានលើកឡើងថាផលលំបាកនៃការចាប់ផ្តើមចិញ្ចឹមក្របីដំបូៗគឺមិនសូវមានពលរដ្ឋក្នុងភូមិមកចង់ធ្វើការជាមួយនោះទេគេចង់តែទៅធ្វើការនៅកន្លែងត្រជាក់ឬនៅតាមរោងចក្រជាដើម។
យ៉ែរុម បញ្ជាក់ថា«ការចិញ្ចឹមក្របីនេះខ្ញុំប្រើប្រាស់ដើមទុនប្រមាណ១០ម៉ឺនដុលា្លរអាមេរិក ប្រើជាដំណាក់កាលៗសម្រាប់ទិញ ក្របី,ទិញដីនិងទិញត្រាក់ទ័រជាដើម ដើម្បីបម្រើដល់កិច្ចការងារកសិកម្មនិងការចិញ្ចឹមសត្វ។សម្រាប់ការចិញ្ចឹមក្របីដំបូងយើងចាប់ផ្តើមចំនួន៥០ក្បាលតែមកដល់សព្វថ្ងៃបានកើនដល់១០០ក្បាលហើយទំាងតូចនិងធំ»។
បើតាមអតីតពលករកូរ៉េរូបនេះ ក្របីទំាង១០០ក្បាលបើសិនជាតម្លៃក្របីនៅលើទីផ្សារល្អដូចកាលពីមុនៗមិនទាន់កម្ពុជា ជួបនិងវិបត្តិជំងឺកូវីដ១៩ បើលក់ទំាងអស់អាចបានប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកប៉ុន្តែមកដល់សព្វថ្ងៃតម្លៃក្របី មានការធ្លាក់ហើយការធ្លាក់ចុះ ហើយយុវជនរូបនេះសង្ឃឹមថាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជារាជរដ្ឋា ភិបាលជួយសម្រួលធ្វើយ៉ាងណាឱ្យទីផ្សារក្របីនិងគោមានការងើបឡើងវិញដូចកាលពីមុន សូមឱ្យការនាំចេញនិងនាំ ចូលដំណើរការល្អ។
យុវជន យ៉ែម រុម បញ្ជាក់ថា«ប្រភពចំណូលបានមកពីការលក់ក្របី,ចំណូលបានមកពីផ្តល់សេវាមូរចំបើង ជូនប្រជាកសិករ នៅក្នុងតំបន់ពេល ច្រូតកាត់,ចំណូលពីការលក់លាមកក្របីនិងចំណូលបានមកពីការភ្ជួររាស់ដីស្រែដល់ប្រជាកសិករ។តួយ៉ាងកាលពីឆ្នំា២០២២កន្លងមក នេះយើងរកចំណូលបាន ចាប់ពី៥ពាន់ទៅ១ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយឆ្នំា»។
ទាក់ទងនិងប្រវត្តិទៅធ្វើការនៅប្រទេសកូរ៉េអស់រយៈពេលជាង៤ឆ្នំា យុវជនយ៉ែមរុម ប្រាប់ថាធ្វើការក្នុងពេល២ឆ្នំាដំបូង ធ្វើការនៅក្រុមហ៊ុនកុងតេន័រដោយទទួលបានប្រាក់ខែជាង១៥០០ដុល្លារក្នុងមួយខែ តែដោយសារប្រាក់ខែទទួលបានតិចពេក ក៏ប្តូរទៅធ្វើនៅរោងចក្ររថយន្តទទួលបានប្រាក់ខែជាង២០០០ដុល្លារអាមេរិកក្នុងមួយខែហើយបច្ចុប្បន្នក្រៅពីមានត្រាក់ទ័រ៣គ្រឿង ក្របី១០០ក្បាល នៅមានផ្ទៃដីសម្រាប់ដំាស្មៅផ្គត់ផ្គង់ក្របីមានចំនួន៤ហិកតាផងដែរ៕ អត្ថបទ៖ សារេត