សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយក្រុមគ្រូពេទ្យ និងបងប្អូនពលករ ដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព ក្នុងខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២០។ ជាមួយគ្នានេះ បងប្អូនពលករ សម្តែងក្តីរំភើបចិត្តជាខ្លាំង ខណៈដែលមើលឃើញពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ជាមួយពួកគាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រមការងារថ្នាក់ជាតិចុះជួយជួយខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមានការសង្ស័យ ពិសេសពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការតាមដានពិនិត្យសុខភាពរកជំងឺកូវីដ១៩ពីក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកឃុំមួយចំនួន ដូចជា ឃុំព្រៃស្នៀត ឃុំរកា ឃុំព្រៃព្នៅនៃស្រុកពារាំង ឃុំអង្គរទ្រត ឃុំដំរីពួន នៃស្រុកស្វាយអន្ទរ និងឃុំព្រែកខ្សាយ ស្ថិតនៃស្រុកពាមរក៏ ក្នុងខេត្តព្រៃវែង។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋានដែលបានរួមសហការគ្នាចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការង្ស័យ ឬទើបវិលមកពីក្រៅប្រទេសនោះ បានអញ្ជើញមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានការណែនាំដោយក្រសួងសុខាភិបាល។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចែកជូននូវម៉ាស់ ទឹកសម្លាប់មេរោគ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកា ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ និងជូនពលករ ដែលកំពុងស្ថិតក្រោមការតាមដានសុខភាពពីក្រុមគ្រូពេទ្យ និងបានផ្ដាំផ្ញើឱ្យខិតខំបន្តបំពេញភារកិច្ច និងយកចិត្តទុកដាក់ថែទាំសុខភាពតាមគោលការណ៍សុខាភិបាល។
ជាមួយគ្នានេះ បងប្អូនពលករ បានសម្តែងក្តីរំភើបចិត្តជាខ្លាំង ខណៈដែលបានជួបផ្ទាល់ជាមួយសម្តេចក្រឡាហោម ស ខេង ដែលមានការយកចិត្តទុកដាក់ ជួយទំនុកបម្រុងដល់ពួកគាត់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃយ៉ាងកក់ក្តៅ ពេលដែលពួកគាត់កំពុងតែជួបបញ្ហានាពេលនេះ។
សម្ដេចក្រឡាហោម បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ពិសេសពលករ ដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាព ដែលនេះ ជាការចូលរួមយ៉ាងសំខាន់ ក្នុងការបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុដល់ក្រុមគ្រួសារ និងសាច់ញាតិ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍គូសបញ្ជាក់ទៀតថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារសេចក្ដីសុខ និសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងបរិបទដែលមនុស្សជាតិលើពិភពលោក កំពុងទទួលរងការគំរាមកំហែងខ្ពស់ដោយជំងឺកូវីដ១៩។
សម្ដេចក៏បានបន្ថែមទៀតថាការអនុវត្តវិធានការដាក់នៅដោយឡែកនេះ គឺមិនមែនសម្រាប់តែដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលទើបវិលត្រឡប់ចូលប្រទេសវិញឲ្យបានទាន់ពេលវេលាប្រសិនបើមានជំងឺកូវីដ១៩នោះទេ ប៉ុន្តែការណ៍នេះក៏ជាវិធានការដ៏ចាំបាច់បំផុតដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺនេះទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទូទៅដែរ ដែលពួកគាត់មិនបានចេញទៅក្រៅប្រទេសនោះ៕