ឯកឧត្តម វេង ​សាខុន ​ណែនាំ​ឱ្យ​ព​ល​​រដ្ឋបង្កើនការ​ដាំដុះដំ​ណាំ​កសិ​ក​ម្ម​ផ្គត់​ផ្គង់ក្នុងស្រុក ខណៈការនាំ​ចូ​ល​ត្រូវបានបិទ

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យពង្រឹងវិស័យកសិកម្មដែលជាមុខព្រួញសំខាន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម វេង សាខុន បានណែនាំ​ឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្ម​ក្នុងស្រុកឱ្យបានគ្រប់​គ្រាន់ ខណៈពេលមានការបិទការនាំចូលដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ  ហ៊ុន សែន បានអំពាវនាវ​ឱ្យ​ពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញការផលិតក្នុងស្រុក​រួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាព​សម្រាប់វិស័យកសិកម្ម ខណ:កម្ពុជា​កាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និង​ទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ-១៩។ 

ក្នុងការចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី “កម្មវិធីផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE” នៅស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម វេង សាខុន បានជំរុញដល់អង្គភាពអនុវត្តន៍ និងអ្នកទទួលផលពីគម្រោង​ត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្ម​ភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យស្របទៅ​នឹងស្ថាន​ការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយក​ឱកាសមាសនេះ មកកាន់ក្នុងដៃឱ្យបាន​ដោយ​ត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការ​ផ្គត់ផ្គង់​ទាំងក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ឯកឧត្ដមបានណែនាំដល់​អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបាន​ពេញលេញជាមួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈ​ងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែប​យ៉ាង​ក្នុងទិសដៅចម្បងគឺ​បង្កើនការផលិតក្នុង​ស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងខណ:ដែលកម្ពុជា បិទការ​នាំចូល​កសិផលពីខាងក្រៅ។ 

ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល​ថែមទៀត ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីអន្តរ​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាង​ណាឱ្យការ​អនុវត្ត​កម្មវិធី​បានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើ​ប្រាស់ហិ​រញ្ញប្បទាន ប្រកបដោយ​តម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹង​តម្រូវការពិតប្រាក​ដរបស់ប្រជាជន និង​យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបាន​ក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋទាំងអស់​ត្រូវ​តែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធ​ភាព​ដោយ ត្រូវអនុវត្តន៍ឱ្យបាន​ខ្ជាប់ខ្ជួនតាមការ​ណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិ​រញ្ញប្បទាន សម្រាប់អនុវត្តន៍​កម្មវិធី​ខាងលើទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បើតាមឯកឧត្តម វេង សាខុន ជំនួយសម្រាប់​អភិវឌ្ឍន៍វិស័យកសិ​កម្មដោយផ្តោតជា​សំខាន់លើការលើកកម្ពស់កម្រិតជីវភាព តាមរយៈការ បង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់​បច្ចេកទេស​ទំនើប ឆ្លើយតប​ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំ​អាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕