បច្ចុប្បន្នសម្តេចក្រឡាហោម ស ខេង មានដំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល អាណត្តិទី៦ ហើយក៏មានតួនាទីជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែរ។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ប្រោសព្រះរាជទានគោរមងារជា “សម្ដេច” ដល់ឯកឧត្តម ស ខេង និងឯកឧត្តម សាយ ឈុំ គឺជាបុគ្គលទី៦ និងទី៧ ហើយដែលចេញមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានគោរមងារជា “សម្ដេច”។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បញ្ជាក់ថា សម្តេច ស ខេង និងសម្តេច សាយ ឈុំ គឺជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា បានកសាងនូវសន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ បានចូលរួមកសាងប្រព័ន្ធច្បាប់ការពារលទ្ធិប្រជាធិបតេយ្យ បានរក្សានូវឯករាជ្យជាតិ បូរណភាពទឹកដី មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិងគោរពព្រះពុទ្ធសាសនា ព្រមទាំងការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយមជាដើម។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៣ មក ព្រះមហាក្សត្របានព្រះរាជទានគោរមងារដល់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា សរុបចំនួន ៩រូប ក្នុងនោះរួមមាន៖
១/សពសម្តេច ជា ស៊ីម ដែលមានគោរមងារជា “សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម” អតីតប្រធានព្រឹទ្ធសភា
២/សម្តេច ហេង សំរិន ជា “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន” ប្រធានរដ្ឋសភា
៣/សម្តេច ហ៊ុន សែន ជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” នាយករដ្ឋមន្ត្រី
៤/សម្តេច គង់ សំអុល ជា “សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
៥/ភរិយាសម្តេច ហ៊ុន សែន គឺសម្តេច ប៊ុន រ៉ានី មានគោរមងារជា “សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន” ប្រធានកាកបាទក្រហមកម្ពុជា
៦/សម្តេច ស ខេង គោរម្យងារ “សម្ដេចក្រឡាហោម ស ខេង” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៧/សម្តេច សាយ ឈុំ “សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ” ប្រធានព្រឹទ្ធសភា
៨/សពសម្តេច សុខ អាន មានគោរម្យងារ “សម្តេចវិបុលបញ្ញាភក្តី សុខ អាន” អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
៨/សម្តេច ទៀ បាញ់ មានគោរម្យងារ “សម្តេចពិជ័យសេនា ទៀ បាញ់” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
៩/សពសម្តេច ហ៊ុន ណេង ជា “សម្តេចឧត្តមទេពញាណ ហ៊ុន ណេង” អតីតអភិបាលខេត្តកំពង់ចាម៕