ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ចចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាមានការអភិវឌ្ឍបន្ថែមទៅលើការដឹកជញ្ជូនទំនិញនៅតាមផ្លូវដែកនិងតាមផ្លូវទឹកឱ្យមានភាពល្អប្រសើរនៅថ្ងៃខាងមុខ។ កម្ពុជាអាចនឹងមានការស្ថាបនាឬសាងសង់ឱ្យមានផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេសដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាសម្តេចនឹងធ្វើទស្សនៈកិច្ចទៅប្រទេសចិននៅថ្ងៃទី១២ខែកុម្ភៈខាងមុខនេះហើយនៅក្នុងដំណើរទស្សនៈកិច្ចនៅដើមឆ្នំា២០២៣នេះនិងស្នើឱ្យមិត្តចិនជួយកសាងផ្លូវដែលរបស់កម្ពុជា។
សម្តេចតេជោ មានប្រសាសន៍ថា«ខ្ញុំសង្ឃឹមថាទស្សនៈកិច្ចរបស់ខ្ញុំនាពេលខាងមុខមានគម្រោងថ្មីៗថែមទៀតដែលយើងត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍន៍កម្ពុជា ហើយក្នុងហ្នឹងប្រហែលជាយើងត្រូវរៀបចំអំពីគម្រោងទាក់ទងនិងផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយតែមិនទាន់អាចប្រើប្រាស់បានទាន់ពេលវេលាប្រហែលជាយើងមានគម្រោងនេះ ដើម្បីនឹងស្នើរឱ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជា រួមនិងគម្រោងនិងកិច្ចសហប្រតិបត្តិដ៏ទៃទៀត»។
ទាក់ទងនិងផ្លូវរថភ្លើងនៅកម្ពុជានៅពេលកន្លងមកក៏ដូចនៅពេលបច្ចុប្បន្នគេមើលឃើញថាការដឹកជញ្ជូនតាមផ្លូវដែកមួយនៅគឺមានកម្រិត។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា«បើនិយោប្រពន្ធដឹកជញ្ជូនតាមផ្លូវដែក(រថភ្លើង)នៅក្នុងប្រទេសកម្ពុជាគឺនៅមានកម្រិតនៅឡើយ ដោយសារយើងនៅប្រើប្រាស់ផ្លូវរថភ្លើងសល់ពីជំនាន់បារាំងយកមកកែសម្រួលជាមួយទូរថភ្លើងចាស់ៗ។ តែទោះជាយ៉ាងណាវាជាមធ្យោបាយមួយសម្រាប់ធ្វើការដឹកជញ្ជូនទំនិញដែលមានថ្លៃដើមទាប»។
បើតាមអ្នកសេដ្ឋកិច្ចរូបនេះថា ចំពោះស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជាឃើញថាការប្រើប្រាស់រថយន្តកុងតេន័រធំៗសម្រាប់ដឹកទំនិញជាមធ្យោបាយល្អបំផុត។ ប៉ុន្តែការដឹកជញ្ជូនតាមរថយន្តនេះបានបរិមាណតិច មានភាពប្រថុយប្រថាននិងគ្រោះថ្នាក់ព្រមទាំងជួបនិងវិបត្តិចំណាយថ្លៃដើមខ្ពស់។
លោកបណ្ឌិតបន្តថា«ដូច្នេះហើយដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរាជរដ្ឋាភិបាលគួរថែមឬអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លាទៅលើវិស័យដឹកជញ្ជូនទៅតាមផ្លូវដែកឬតាមផ្លូវទឹក»៕ អត្ថបទ៖ សារេត