សម្តេចតេជោ ៖ កម្ពុជា ​នឹងនាំចូលផលិតផលត្រីខកំប៉ុងពីម៉ាល់ឌីវ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងបង្កលទ្ធភាពនាំចូលផលិតផលត្រីខកំប៉ុងពីម៉ាល់ឌីវឱ្យបានច្រើន ខណៈកម្ពុជាមានកំណើនតម្រូវការលើផលិតផលនេះច្រើនពីមួយថ្ងៃទៅថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រីខកំប៉ុងរបស់ប្រេទេសម៉ាល់ឌីវ នឹងត្រូវនាំចូលទៅកាន់ប្រទេសកម្ពុជាច្រើនជាងគេ ដោយសារតែក្នុងមួយឆ្នាំៗកម្ពុជាបានប្រើប្រាស់ត្រីខកំប៉ុងច្រើន ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះដែរ សម្តេចថា កម្ពុជាក៏បានប្រើត្រីខកំប៉ុងរហូតដល់១០ម៉ឺនកេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ផងដែរ។

សម្តេចតេជោក៏បានបញ្ជាក់ដូច្នេះដែរថា៖« កម្ពុជា នឹងចាប់ផ្តើមនាំចូលត្រីខកំប៉ុងដែលជាផលិតផលរបស់ប្រទេសម៉ាល់ឌីវ ដែលនឹងក្លាយជាគោលដៅសម្រាប់កម្ពុជា ដើម្បីប្រើប្រាស់លើតម្រូវការពលរដ្ឋខ្លួនឯងផង និងឆ្លើយតបនឹងវិស័យទេសចរណ៍ដែលកំពុងរីកចំរើនផង»។

គួរបញ្ជាក់ដែរថា កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មានកម្រិតទាបនៅឡើយ។ហេតុនេះ សម្តេចថា ការចាប់ផ្តើម ពិភាក្សាគ្នានាពេលនេះ នឹងជួយជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែបសើរឡើងផងដែរ៕

អត្ថបទ៖ ពិសី