អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យ បានបង្ហាញការគាំទ្រ ចំពោះផែនការពង្រីកទីក្រុងថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលថា នឹងផ្តល់ប្រយោជន៍ច្រើនដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចនាតំបន់ក្រុងថ្មីថែមទៀត។
ជាក់ស្តែងជុំវិញការបង្កើតក្រុងថ្មីនេះដែរ ត្រូវបានលោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចល្បីឈ្មោះមួយរូប បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា ការបង្កើតក្រុងថ្មីអ្នកមិនអាចធ្វើអោយទីផ្សារដីធ្លីដែលកំពុងស្ងាត់កំរើកឡើងវិញភ្លាមៗបាននោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការវិនិយោគរយៈពេលវែង (ចាប់ពី៥ឆ្នាំឡើង)។
ដោយក្នុងនោះ លោកបានបង្ហាញនៅអំណះអំណាង ដោយផ្អែកលើហេតុផល២សំខាន់ៗ គឺ ៖១. អ្នកវិនិយោគអាចទិញដីដែលល្អៗក្រោមតម្លៃទីផ្សារ។ គឺតម្លៃគួរក្រោមទីផ្សារយ៉ាងហោចណាស់២០%-៣០%។
និង២. ការបង្កើតក្រុងថ្មីនឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) និងសេវាសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋដែលជាហេតុនាំអោយជំរុញល្បឿននៃការអភិវឌ្ឍក្នុងតំបន់កាន់តែលឿន។
ជារួម អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានអះអាងថា ហេតុនេះចំណុចគន្លឹះគឺ៖ ចេះទិញដីដែលល្អ ទិញក្រោមតម្លៃទីផ្សារ និងមានលុយគ្រប់គ្រាន់ ឬខ្ចីធនាគារតិចតួចដើម្បីបង្រ្គប់។
សូមរម្លឹកថា រដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី២៣ ធ្នូ បានសម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត និងពង្រីកស្រុកថ្មីពីរបន្ថែម។ ក្រុងសំពៅពូននិងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែមទៀតដែរគឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មីមួយទៀតត្រូវបានបង្កើតនៅខេត្តក្រចេះឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ។
យ៉ាងណាមិញ បើតាមអនុក្រឹតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានឱ្យដឹងថា ការសម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គឺធ្វើឡើងដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖ ១-ខេត្តកណ្តាលសម្រាប់ក្រុងអរិយក្សត្រ មានគណៈអភិបាលចំនួន ៧នាក់ និងក្រុងសំពៅពូន មានចំនួនគណៈអភិបាល៧នាក់។ ២-ខេត្តកំពង់ស្ពឺ សម្រាប់ក្រុងឧដុង្គម៉ែជ័យ មានចំនួនគណៈអភិបាល ៧នាក់ និងស្រុកសាមគ្គីមុនីជ័យ មានចំនួនគណៈអភិបាល៧នាក់។ និង៣-ខេត្តក្រចេះ សម្រាប់ស្រុកអូរគ្រៀងសែនជ័យ មានចំនួនគណៈអភិបាល ៧នាក់៕
អត្ថបទ៖ ពិសី