បទវិភាគ៖ ទំហំសេដ្ឋកិច្ច​សរុបរបស់​ចិនបានឈាន​ឡើង​ដល់​កម្រិតថ្មីថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៧ខែមករា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសពីទិន្នន័យសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ។ តាមការគណនាជាជំហាន​ដំបូង តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆ្នាំ២០២២បានឡើងដល់១២១ទ្រីលាននិង២ម៉ឺន៧រយលានយាន់ប្រាក់ចិន បើ​គិតតាមតម្លៃមិនប្រែប្រួល បានកើនឡើង៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានឡើងដល់កម្រិតខ្ពស់ថ្មីម្តងទៀតដែលបានឈានដល់១២០ទ្រីលានយាន់ប្រាក់ចិនបន្ទាប់ពីបានឈានដល់១០០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២០និងឈានដល់១១០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២១ ។

ក្នុងបរិបទដែលរងផលប៉ះពាល់ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើនដូចជាភាពច្របូកច្របល់នៃស្ថានការណ៍នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើង និងជំងឺកូវីដ១៩ក្នុងស្រុកចិនបានរីករាល​ដាលនៅ​តំបន់ជាច្រើន​ជាដើម សេដ្ឋកិច្ចប្រទេសចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ធ្វើឱ្យទំហំសេដ្ឋកិច្ចសរុបបំបែក​កំណត់ត្រាជា​ថ្មីម្តងទៀត ពិតជាមិនងាយទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២​គឺ៣ភាគរយ តួលេខនេះខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗភាគច្រើន ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លានិងកម្លាំងរស់រវើក​​យ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន ។

បើមើលសភាពជាទូទៅ ដំណើរការសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២២សម្រេចបាននូវការរីកចម្រើនប្រកបដោយស្ថិរភាព ។ មួយផ្នែក លើមូលដ្ឋានកំណើនបរិមាណដ៏សមហេតុផល ឱកាសការងារធ្វើនិងតម្លៃទំនិញបានរក្សាស្ថិរភាពជាទូទៅ ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទនៅឆ្នាំ២០២២បានកើនឡើង១២លាន៦ម៉ឺននាក់ ដែលលើសពីគោលដៅឆ្នាំ​២០២២​ចំនួន១១លាននាក់ ។

មួយផ្នែកទៀត ចិនបានបោះជំហានទៅមុខជាប់រហូតមកក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទន្ទឹម​​នឹង​ចិន​​អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មីកាន់តែស៊ីជម្រៅ ថាមពលចលករថ្មីបាន​ដើរតួនាទី​ណែនាំ​កាន់តែលេច​ធ្លោចំពោះសេដ្ឋកិច្ចប្រទេសចិន ។ សមាមាត្រនៃទំហំលក់រាយទំនិញតាមបណ្តាញអ៊ីនធើណេត​ត្រូវជា២៧,២​ភាគរយនៃទំហំសរុបការលក់រាយរបស់ប្រើប្រាស់ក្នុងសង្គម ដែលបានកើនឡើង២,៧ភាគរយបើប្រៀប​ធៀប​នឹង​ឆ្នាំ​២០២១ ដែលបានបង្ហាញពីបម្រែបម្រួលក្នុងជីវភាពរស់នៅរបស់ប្រជាជនដែលនាំមកពីសេដ្ឋកិច្ចឌីជីថល ។

ទន្ទឹមនឹងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិនឈានចូលដំណាក់កាលថ្មី កម្លាំងរស់រវើកសេដ្ឋកិច្ចបានបញ្ចេញ​កាន់​​តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ជើងយន្តហោះក្នុងស្រុកចិនបានរៀបចំឡើងវិញលើសពី៨០ភាគរយនៃឆ្នាំ២០១៩ ។ កា​សែត 《The Washington Post》 បានចុះផ្សាយអត្ថបទថា មានបាតុភូតបង្ហាញថា សេដ្ឋកិច្ចប្រទេសចិនបាន​និងកំពុង​មាន​ភាពរស់រវើកឡើងវិញ ចំនួនមនុស្សជិះរថយន្តក្រោមដីនៅទីក្រុងធំៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយអ្នក​​ប្រើប្រាស់ដែលបានសន្សំទុកប្រាក់មានសមត្ថភាពចំណាយលុយ ។

“និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចរបស់ចិនគឺជាដំណឹងល្អ ។” លោកស្រី KristalinaGeorgieva អគ្គនាយក​នៃអង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា សេដ្ឋកិច្ចចិនមានលទ្ធភាពក្លាយ​ជាកត្តា​សំខាន់​​បំផុតមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ។

ក្នុងឆ្នាំថ្មី ពិតមែនតែបរិយាកាសអន្តរជាតិនៅតែប្រែប្រួលយ៉ាងស្មុគ្រស្មាញ កំណើនសេដ្ឋកិច្ចសកលមានកម្លាំង​​មិនគ្រប់​គ្រាន់ ហើយមូលដ្ឋាននៃការស្តារសេដ្ឋកិច្ចឡើងវិញក្នុងស្រុកចិនមិនសូវរឹងមាំក៏ដោយ ក៏ប៉ុន្តែដោយសារប្រទេស​ចិន​មាន​មូលដ្ឋានសម្ភារៈដ៏រឹងមាំដែលបានរក្សាទុកជាយូរមកហើយ ឧត្តមភាពក្នុងទីផ្សារដែលមានទ្រង់ទ្រាយធំសម្បើម ក៏ដូច​ជា​ការអនុវត្តកំណែទម្រង់និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅបានបញ្ចេញភាគលាភជាបន្តបន្ទាប់និងបទពិសោធន៍ជាច្រើនក្នុងការគ្រប់គ្រងម៉ាក្រូ ដូច្នេះ សេដ្ឋកិច្ចចិនមានជំនឿចិត្តនឹងមានភាពល្អប្រសើរឡើងវិញទាំងស្រុងក្នុងឆ្នាំថ្មី ៕

អត្ថបទ៖ Cri ccfr