ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សុខភាពប្រជាជន និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាព ខណៈសម្តេចក៏ប្រកាសថា ចាប់ពេលនេះទៅ វិស័យសុខាភិបាល និងវិស័យអប់រំ និងក្លាយជាវិស័យអាទិភាពជាងគេ លើវិស័យផ្សេងៗទាំងអស់។
ថ្លែងក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅថ្ងៃទី១៩ ខែមករា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ស្របពេលដែលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមគ្នានេះ បើតាមស្តាប់ពីតម្រូវការគ្រូពេទ្យសម្រាប់មន្ទីពេទ្យនេះ គឺត្រូវការគ្រូពេទ្យរហូតដល់១០០០នាក់ ហើយបច្ចុប្បន្នមានតែជាង១០០នាក់ប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្តេចបន្តដូច្នេះថា៖«ចាប់ពេលនេះទៅវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យអាទិភាពជាងគេ ខណៈកាលពីឆ្នាំ ២០២២ សម្ដេចបានអនុញ្ញាតឱ្យជ្រើសរើសគ្រូពេទ្យក្របខណ្ឌ ៣ ពាន់នាក់ ហើយថ្ងៃនេះ សម្ដេចបានបន្ថែមចំនួន ២០០ នាក់ និងផ្ដល់ជូនបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត»។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចអនុញ្ញាតឱ្យក្រសួងសុខាភិបាល ជ្រើសរើសក្របខណ្ឌគ្រូពេទ្យចំនួន ២០០នាក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការសម្រាប់ការព្យាបាលប្រជាពលរដ្ឋ៕
អត្ថបទ៖ ពិសី