ក្រសួងមហាផ្ទៃ ប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើ​សេចក្តីព្រាង​ព្រះ​​​រាជក្រឹ​ត្យស្តីពី​គោ​រម​ងា​រឧកញ៉ា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើ​សេច​ក្តី​​ព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​​ប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត​​សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង បានលើកឡើងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះ កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ នៅថ្ងៃនេះដែរ អង្គប្រជុំនឹងបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ានៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក ប៊ុន ហុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានជួយជ្រោមជ្រែង ក្នុងការរៀប​ចំនូវឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ា ដោយលោក បានបញ្ជាក់ថា ព្រះរាជ្យក្រឹត្យនេះមាន​ភាពចាំបាច់​ចំពោះ​ជាតិ គឺ ទី១ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ ហើយទី២ ធានានូវតម្លៃ នៃការប្រើប្រាស់​មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាល​ណែនាំឱ្យមានការរៀបចំ​សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង។

សូមជម្រាបថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង ២៦​មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបាន​គោរមងារ​ឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕