មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរប្រទេស កាលពីថ្ងៃម្សិលមិញ។ គោលបំណងនៃការចុះហត្ថលេខារួមគ្នានេះ គឺដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត។

ការចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បានធ្វើឡើងតាមប្រព័ន្ធ VTC កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ។
ឯកសារដែលមេបញ្ជាការកងទ័ពជើងគោកទាំងពីរបានចុះហត្ថលេខា គឺមានគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត។ ភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនគួរឱ្យកត់ សម្គាល់នៃទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ភ្ជាប់ចំណងការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យការពារជាតិ ផងដែរ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧៕ អត្ថបទ៖ ពុធិកា
