គយ ឆ្លើយតបនឹងសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វ ពាក់ព័ន្ធនឹង​ការនាំចូល​សាច់​ជ្រូក​​បង្កក

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ កាលពីថ្ងៃទី១៨ ខែមករាឆ្នំា២០២៣ បានចេញលិតឆ្លើយ​តប​ទៅ​ខាង​សមាគម​អ្នក​ចិញ្ចឹម​សត្វកម្ពុជា ដែលបានដាក់សំណើសុំជួយជំរុញ និងពន្លឿន​បន្ថែម​ទៅលើសា​ច់​ជ្រូកបង្កក​ ដែលកំពុងមាន​ចរាចរ​លើទីផ្សារ និងទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កក​ពីបរទេស​ចូលមក​​ក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការនាំចូលដោយខុសច្បាប់សាច់ជ្រូកបង្កក មិនត្រឹមតែអាច​បង្ក​​ហានិ​ភ័យ​ដល់សុខភាពអ្នកបរិភោគសាច់ជ្រូក និងប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វ​ក្នុង​ស្រុកប៉ុណ្ណោះទេ ថែមទាំងបាត់​បង់​ចំណូលពន្ធនិងអាករចូលថវិកាជាតិទៀតផង។

អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក គ្មានលិខិតអនុញ្ញាត ដែលសមត្ថកិច្ចកម្ពុជាបង្រ្កាបក្នុងពេលកន្លងមក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើកឡើងបន្តថា កន្លងមកក្នុងន័យពង្រឹងអនុលោមភាពនៃការ​​អនុវត្ត​ច្បាប់​និង​​បទ​ប្បញ្ញត្តិជាធរមាន ក៏ដូចជាចូលរួមគាំទដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក(អគរ) បានចាត់​វិធាន​ការជាបន្តបន្ទាប់ដើម្បី​ទប់​ស្កាត់​ការនាំចូលដោយខុសច្បាប់នូវសត្វរស់ និងផលិតផលពីសត្វគ្រប់​​ប្រភេទ ក្នុងនោះរួមមានជ្រូករស់ និងផលិតផលពីសត្វ​ជ្រូក រួមទាំងសាច់ជ្រូកបង្កកផងដែរ។

ទោះយ៉ាងនេះក្តីក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានាជាធរមានអត សូមគាំទ្រនិង​លើកទឹកចិត្តដល់ការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនឹងកម្មភាពនាំចូលសត្វរស់ និង​ផលិត​ផលពីសាច់សត្វគ្រប់ប្រភេទ រួមទាំងជ្រូករស់ និងសាច់ជ្រូកបង្កកដោយខុសច្បាប់ ដល់​អង្គភាព​គយនិ​ងរដ្ឋាករដែលនៅជិតបំផុត ដើម្បីឱ្យរដ្ឋបាល​គយ​ចាត់វិធានការបានទាន់ពេលវេលា។

អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក គ្មានលិខិតអនុញ្ញាត ដែលសមត្ថកិច្ចកម្ពុជាបង្រ្កាបក្នុងពេលកន្លងមក

ដោយឡែកចំពោះករណីសំណើឱ្យទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកពីបរទេសចូលមកកម្ពុជា អគ្គនា​យ​​កដ្ឋានគយនិង​​រដ្ឋាករ បានប្រាប់ទៅសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាសាច់ជ្រូកបង្កក​​មិនមែនជា​ទំនិញ​​ហាមឃាត់ ប៉ុន្តែជា​ទំនិញជាប់​កម្រិត​កំណត់​ដែលតម្រូវឱ្យអ្នកនាំចូល​ភ្ជាប់មកជាមួយនូវ​ឯកសារ​វិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យពី​​អាជ្ញា​ធរ​​នៃប្រទេសនាំចេញ។ បន្ថែមលើនេះ ផ្អែក​តាមកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការដាក់​របាំង​មិនឱ្យនាំចូលផលិតផលពីប្រទេសសមាជិក WTO អាចបង្កឱ្យមានការប្តឹងផ្តល់ពី​​ប្រទេសនាំចេញ ក៏ដូចជាការអនុវត្តវិធានការបដិការដល់ទំនិញនាំចេញណាមួយរបស់កម្ពុជាទៅកាន់​ប្រទេស​ទាំងនោះវិញជាយថាហេតុ។

ម្យ៉ាងទៀត ការរឹតត្បិតការនាំចូលសាច់ជ្រូកក៏អាចបង្កឱ្យមានបច្ច័យអវិជ្ជមានដល់តម្លៃសាច់ជ្រូកដែលជា​អាហារូបត្ថម្ភ​សំខាន់​រ​បស់ប្រជាជនកម្ពុជា ដូចដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្លាប់មានប្រសាសន៍ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិ​ស​ដៅ​ការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាពេល​កន្លងមក៕ អត្ថបទ៖សារេត