មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា NBC) បានឱ្យដឹងថា គិតត្រឹមប្ចុប្បន្ននេះការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ របស់ប្រជាជនកម្ពុជា ជារួមមានការកើនឡើងពី ៥៩ភាគរយ ទៅ ៦៧ភាគរយ។
យោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបង្ហាញពីការលើកឡើងរបស់លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ប្រជាជនកម្ពុជា ជារួមមានការកើនឡើងពី ៥៩% ទៅ ៦៧% ដែលនេះបង្ហាញអំពីការខិតទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលបានកំណត់គឺ ៧០% នៅឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា បើទោះជាយ៉ាងនេះក៏ដោយ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ស្រ្តីស្ថិតក្នុងកម្រិតដដែលគឺ ៦០% ដែលទាមទារការយកចិត្តទុកដាក់បន្ថែមទៀត។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗ ក៏បានឱ្យដឹងដែរថា ប្រជាជនកម្ពុជាប្រមាណ៧០ភាគរយ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ អ្វីដែលធនាគារជាតិកត់សំគាល់ថា ប្រជាជនកម្ពុជាទទួលបានហិរញ្ញវត្ថុផ្លូវការដោយសារតែពេលប្រជាជនទទួលបានផលិតផលមួយ ក្នុងចំណោមផលិតផល៤ នៃសេវាហិរញ្ញវត្ថុផ្លូវការ រាប់បញ្ជូលថា ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ អតិថិជនមានឥណទានក៏រាប់បញ្ជូលផ្លូវការ, អតិថិជនមានឥណទាន និងប្រាក់បញ្ញើក៏រាប់បញ្ជូលផ្លូវការ, អតិថិជនមិនមានប្រាក់បញ្ញើ ប៉ុន្ដែមានកាបូបអេឡិចត្រូនិក ក៏រាប់បញ្ចូលជាផ្លូវការផងដែរ៕
អត្ថបទ៖ ពិសី