ក្រុមការងារទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានចូលជួបលោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងដែនដី ដើម្បីពិភាក្សាគ្នាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍទីក្រុងប្រកបដោយសុខុដុមនីយកម្ម នៅក្រុងកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

ក្នុងជំនួបកិច្ចប្រជុំខាងលើនេះ ដើម្បីពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍទីក្រុងទាំងបី បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយដល់ក្រុងចំនួនបីខាងលើ ក្នុងគោលបំណងធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

គម្រោងវិនិយោគលើក្រុងទាំងបី ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និងសំណល់រឹងបានល្អប្រសើរ។ លើសពីនេះ វានឹងជួយទីក្រុងទាំងនេះ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះ ក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។

សូមជម្រាបថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គឺគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត ជាច្រកចូលទៅកាន់ ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។

ជាមួយគ្នានេះ ក្រុងប៉ោយប៉ែត ដែលជាច្រកអន្តរជាតិដ៏ធំមួយ និងជាច្រកដ៏សំខាន់លើវិស័យដឹកជញ្ជូន អាចនឹងមានផ្លូវរថភ្លើងល្បឿនលឿនក្នុងពេលឆាប់ៗខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ក៏ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២៕