កម្ពុជា-ថៃ ឯកភាពគ្នាពិនិត្យបង្គោលព្រំដែន និងដោះមីនដើម្បីសុវត្ថិភាពប្រជាជនទាំងសងខាងចេញចូលរកស៊ី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួមរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះទេ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសថៃវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត ។

គួររំលឹកថា នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការដោះមីនលើទីតាំង នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជម្លៀសគ្រោះថ្នាក់បង្កើតគ្រោះថ្នាក់ ណាមួយចំពោះប្រជាជន នៅតាមព្រំដែន។ ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២៕