នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ សម្រេចបាន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ទិន្នន័យដដែលបង្ហាញថា ប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។
ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ស្វាយចន្ទីជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យរយៈពេលវែងពោលគឺ ប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណិតប្រភេទនេះមានការកើនឡើង។ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។
តាមការប៉ាន់ស្មាន មានកសិករចំនួន ២២,០០០ នាក់ ហើយមានប្រជាជនប្រមាណជា ៣៨,០០០ នាក់ កំពុងបម្រើការក្នុងខ្សែសង្វាក់ផលិតកម្មស្វាយចន្ទី បូករួមទាំងកំលាំងពលកម្មប្រចាំរដូវផងដែរ។ បច្ចុប្បន្ននេះទិន្នផលស្វាយចន្ទីស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃ ប៉ុន្តែវាអាចនឹងផ្តល់ការងារបន្ថែមចំនួន ១០,០០០ ទៀតប្រសិនបើផលិតផល គ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជាត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក (EIC២០០៧)។
សូមជម្រាបថា ផលិតផលគ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោក មានការកើនឡើង១២ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីតិចជាង៣០០,០០០តោនក្នុងឆ្នាំ១៩៦១ ដល់៣,៧ លានតោនក្នុងឆ្នាំ២០០៨។ ការដាំដុះមានការកើនឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះហើយផលិតផលស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ភាគរយនូវផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យមក្នុងពិភពលោកកើនឡើងជាង ៥០ភាគរយ។
រដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានអនុម័តសេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ក្នុងគោលបំណងជំរុញកំណើនកសិពាណិជ្ជកម្ម ដោយអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង។ ការសម្រេចនេះធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ មករា។
សេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដែលមាន ៧ ផ្នែក និងឧបសម្ព័ន្ធចំនួន ២ មានគោលដៅចម្បងចំនួន ៣ រួមមាន បង្កើនទិន្នផលនៃការផលិតស្វាយចន្ទីដែលមានគុណភាព ជំរុញការធ្វើឧស្សាហូបនីយកម្មដោយប្រមូលនិងកែច្នៃស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២ និងជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ឬការពង្រីកទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម ជាដើម៕