សម្តេចតេជោ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ កុំមើលរំលងលើការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់ និងមិនអាចមើលរំលងបាន ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។ទន្ទឹមគ្នានេះ សម្តេចតេជោ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ សូមកុំមើលរំលងលើការពង្រឹងគុណភាពធនធានមនុស្សកម្ពុជា ដើម្បីឱ្យដើរទាន់របត់ថ្មីនៃបដិវដ្តឧស្សាហកម្ម ៤.០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត ៧ពាន់នាក់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចបានសង្កត់ធ្ងន់ថា ឈានមួយជំហានពីយុគ្គសម័យឧស្សាហកម្ម មកយុគ្គសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។

ទន្ទឹមគ្នានេះ សម្តេចថា សម្រាប់កម្ពុជាវិញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ទន្ទឹមគ្នានេះ សម្តេចថា គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ។ ធនធានមនុស្ស គឺជាចំណុចមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍។ហេតុនេះ សម្តេចថា រដ្ឋាភិបាលនៅតែបើកឱកាសឱ្យវិស័យឯកជនចូលរួមចំណែក វិនិយោគលើវិស័យអប់រំកម្ពុជាថែមទៀត។

គួរបញ្ជាក់ដែរថា កម្ពុជា ត្រូវការធនធានមនុស្សវ័យក្មេង ត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍលើកគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ចាំបាច់ត្រូវតែយកចិត្តទុកដាក់លើការពង្រឹងគុណភាពធនធានមនុស្ស ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ ពិសី