លោកបណ្ឌិត ពេជ សោភ័ន ដែលជាឪពុកបង្កើតរបស់លោកជំទាវ ពេជ ចន្ទមុន្នី និងត្រូវជាឪពុកក្មេករបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត គឺជាមន្ត្រីជាន់ខ្ពស់មួយរូប កំពុងកាន់តួនាទីជាច្រើន ទាំងនៅក្រសួង ការងារបក្ស និងក្រុមការងារសង្គមផ្សេងៗទៀត។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបណ្ឌិត ពេជ សោភ័ន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជា “រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី” បន្ថែមលើមុខងារបច្ចុប្បន្ន ខណៈដែលបច្ចុប្បន្នលោកជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមពីនេះ លោកបណ្ឌិត ពេជ សោភ័ន ជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលមានលោកបណ្ឌិត អ៊ិត សំហេង ជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ហើយលោក ក៏ជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា, អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល, នាយកគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C)។


ចំណែកឯការងារនៅក្នុងជួរគណបក្សវិញ លោកបណ្ឌិត ពេជ សោភ័ន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមការដឹកនាំរបស់កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ។ លោក ក៏ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

គួរបញ្ជាក់ថា កូនស្រីរបស់លោកបណ្ឌិត ពេជ សោភ័ន គឺលោកជំទាវ ពេជ ចន្ទមុន្នី បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៦ ដែលមកដល់បច្ចុប្បន្ន ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានចំណងដៃកូនស្រី ២នាក់ និងកូនប្រុសម្នាក់៕
