មន្ត្រីជំនាញជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមើលឃើញថាការរៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧មានភាពល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ការដាំដុះឱ្យមានការកើនឡើង ខណៈពេលដែលកន្លងមក កម្ពុជាបានធ្វើការកែច្នៃនៅក្នុងស្រុកបានតែ៥% ហើយនៅពេលគោលនយោបាយខាងលើដាក់ចេញទៅរំពឹងថានឹងទទួលបានវិនិយោគិនបរទេសចាប់អារម្មណ៍និងចូលមកបណ្តាក់ទុនធ្វើការផលិតនិងធ្វើការកែច្នៃស្វាយចន្ទីនៅកម្ពុជា។
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ «យើងសង្ឃឹមថានៅពេលគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧អនុវត្តន៍ទៅប្រជាពលរដ្ឋនឹងទទួលបាននូវតម្លៃបន្ថែម សេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាបច្ចេកទេស ដើម្បីឱ្យការដំាដុះកាត់បន្ថយបានហានិភ័យ ហើយទទួលបានទិន្នផលកើនឡើង»។
លោកបន្តថា ស្វាយចន្ទីនៅកម្ពុជាវាមានបរិមាណច្រើនដែលផលិតបាននៅក្នុងមួយឆ្នាំៗ។ដូចនេះបរិមានផលិតកម្មស្វាយចន្ទីជាប់លេខ១នៅទូទាំងពិភពលោក ហើយអ្នកវិនិយោគបរទេសទើបតែបានដឹង៣ឬ៤ឆ្នំាកន្លងមកនេះ អីចឹងបរិទេសគេចាប់ផ្តើមភ្ញាក់ផ្អើលហើយគេចាប់ផ្តើមសម្លឹងមករកការវិនិយោគនៅស្រុកយើង។
លោក វ៉ា រុតសាន មានប្រសាសន៍ថាបើតាមខ្ញុំដឹងវិនិយោគិនជនជាតិជប៉ុនបានចូលមកហើយ និងអ្នកវិនិយោគនៅតាមបណ្តាប្រទេសផ្សេងដូចជាកូរ៉េ តៃវ៉ាន់ក៏គេកំពុងតែសម្លឹងមកស្រុកខ្មែរដែរ ពិសេសការគាបសំបកស្វាយចន្ធីយកប្រេងដើម្បីធ្វើការនាំចេញហើយប្រទេសឧស្សាហកម្មគេត្រូវការប្រេងនេះខ្លំាងណាស់។ដូចនេះអ្វីតាមខ្ញុំដឹងគឺជប៉ុនមកហើយ ហើយកូរ៉េមកដែរគេចង់បង្កើតជារោងចក្រគាបសំបកស្វាយចន្ទីយកប្រេងនេះ ក្រៅពីសាច់ស្វាយចន្ធី។ក្រៅពីនេះក៏នៅមានប្រទេសខ្លះគេចូលមកធ្វើការសិក្សាអំពីផ្លែពណ៌លឿងឬក្រហមរបស់ស្វាយចន្ទីគេចង់កែច្នៃធ្វើជាស្រាផងដែរ។
លោកសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំមានសុទិដ្ឋិនិយមថានៅពេលគោលនយោបាយយើងចេញទៅ បរិទេសគេដឹងពីបរិមាណស្វាយចន្ទីរបស់យើងច្រើនអីចឹងគេនឹងចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាហើយ។ម្យ៉ាងទៀតក្រសួងពាណិជ្ជកម្មក៏បានបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលថ្មីៗនេះផងដែរ អីចឹងអ្វីៗវានិងដើរទៅមុខ»។
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានបង្ហាញថាដំណាំស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាពនិងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី ដែលរួមមាន កំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យត្បូងឃ្មុំ មណ្ឌលគិរី និងសៀមរាប។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជាមានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផលបានកើនពី៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។
ជាមួយគ្នានេះ ស្វាយចន្ទីកម្ពុជាក៏កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារ លើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី ដោយក្នុងនោះផលិតផលស្វាយចន្ទីរបស់កម្ពុជាអាចទាញយកចំណែកទីផ្សារពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួមនិងជប៉ុន៕
អត្ថបទ៖សារេត