សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០។
ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងស្នងការខេត្ដពាក់ព័ន្ធជាច្រើនផងដែរ។
គិតចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន សម្តេចក្រឡាហោម ស ខេង បានផ្តល់រថយន្តដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធចំនួន ៩៥គ្រឿងហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានផ្តល់ជូននូវសម្ភារការពារជំងឺកូវីដ១៩ ជាច្រើនជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ សម្តេច ក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្ភារទាំងអស់នេះ នឹងបែងចែកទៅតាមស្ថាប័នចំណុះរបស់ក្រសួងមហាផ្ទៃ ដើម្បីបម្រើដល់ការការពារមន្រ្តីយើងក្នុងប្រតិបត្តិការការងារចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា កម្ពុជា ពុំមានករណីឆ្លងថ្មីនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល មានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២០៕